តើ WWC Check ជាអ្វី?

Working with Children Check (Check) ជួយការពារកុមារទាំងឡាយពីការឈឺចាប់ផ្នែកផ្លូវភេទ និងរាងកាយដោយមានការធានាថាមនុស្សទាំងឡាយដែលធ្វើការជាមួយ ឬថែរក្សាពួកគេត្រូវបានជាប់ក្នុងដំណើរការឆែកពិនិត្យមួយ។

តើនរណាខ្លះត្រូវការ Check?

នៅក្រោម Working with Children Act 2005 (ច្បាប់) លោកអ្នកចាំ បាច់ត្រូវការ Check មួយ ប្រសិនបើលោកអ្នកបំពេញគ្រប់លក្ខខណ្ឌទាំងប្រាំដូចតទៅនេះ ចំពោះការងារទាក់ទិននឹងកុមារៈ

  1. លោកអ្នកជាមនុស្សជំទង់ធ្វើការស្ម័គ្រចិត្ត ឬទទួលប្រាក់បៀវត្សរ៍ ហើយធ្វើការជាមួយកុមារអាយុក្រោម១៨ឆ្នាំ
  2. លោកអ្នកធ្វើការជាមួយកុមារនៅតាមសេវា ទីកន្លែង ឬអង្គការណាមួយដែលចុះនៅក្នុងច្បាប់ (ដែលហៅថា ‘ចំណាត់ថ្នាក់មុខរបរ’)
  3. ការងាររបស់លោកអ្នក ជាទូទៅទាក់ទងនឹងការទាក់ទងដោយផ្ទាល់ជាមួយកុមារ រួមមានការទល់មុខគ្នា ការសរសេរជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់មាត់ និងអេឡិចត្រូនិក
  4. ការប៉ះពាល់ដែលលោកអ្នកមានជាមួយកុមារ គឺជាផ្នែកនៃភារកិច្ចរបស់លោកអ្នក ហើយមិនមែនជាការងារបន្ទាប់បន្សំទៅនឹងការងាររបស់អ្នក
  5. លោកអ្នកមិនបានអនុគ្រោះឲ្យរួចផុតពីការមាន Check នៅក្រោមច្បាប់**។

**ព័ត៌មានពិស្តារមានដាក់នៅតាមវ៉ិបសាយ Working with Children។

នេះគឺជាការល្មើសច្បាប់ដែលចាប់ផ្តើមធ្វើការទាក់ទិននឹងកុមារ ដោយពុំបានដាក់ពាក្យសុំ Check ជាមុន។

អង្គការរបស់លោកអ្នក ក៏ត្រូវបានចាត់ទុកថាប្រព្រឹត្តបទល្មើសផងដែរ ប្រសិនបើគេប្រាប់ឲ្យលោកអ្នក ចាប់ផ្តើមធ្វើការទាក់ទិននឹងកុមារ មុនពេលលោកអ្នកបានដាក់ពាក្យសុំ Check។

តើខ្ញុំដាក់ពាក្យសុំដោយបែបណា?

  • ចូលទៅវ៉ិបសាយ Check ហើយជ្រើសរើសយក ‘ដាក់ពាក្សសុំក្នុងរដ្ឋវិចតូរីយ៉ា’ ឬ ‘ដាក់ពាក្សសុំពីអន្តររដ្ឋ’ គឺមួយណាក៏បានដែរ
  • បំពេញពាក្យសុំតាមអនឡាញ ផ្តល់ព័ត៌មានលំអិតអំពីរូបលោកអ្នកហើយនិងអង្គការដែលលោកអ្នកនឹងធ្វើការទាក់ទិននឹងកុមារ
  • អ្នកដាក់ពាក្យសុំពីក្នុងរដ្ឋវិចតូរីយ៉ា អាចបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនតាមអនឡាញ។ សន្លឹកព័ត៌មានសម្រាប់អ្នកដាក់ពាក្យសុំពីអន្តររដ្ឋ ពន្យល់ពីរបៀបដែលអ្នកដាក់ពាក្យសុំពីអន្តររដ្ឋ អាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់គេ ហើយដាក់ពាក្យសុំរបស់គេ
  • អ្នកដាក់ពាក្យសុំក្នុងរដ្ឋវិចតូរីយ៉ា អាចដាក់បង្ហើយពាក្យសុំរបស់គេនៅតាមការិយាល័យ Australia Post ដែលចូលរួម ដោយប្រើលេខកូដ និងការណែនាំដែលនឹងផ្ញើតាមអ៊ីម៉ែលទៅឱ្យគេ។

នេះគឺជាការល្មើសច្បាប់ដែលប្រើប្រាស់ ការឆែកពិនិត្យចំពោះអ្នកធ្វើការស្ម័គ្រចិត្ត សម្រាប់ការងារទាក់ទិននឹងកុមារដែលទទួលប្រាក់បៀវត្សរ៍ - ការឆែកពិនិត្យចំពោះនិយោជិតត្រូវប្រើប្រាស់សម្រាប់ការងារដែលទទួលប្រាក់បៀវត្សរ៍។

តើខ្ញុំអាចធ្វើការក្នុងអំឡុងដំណើរការឆែកពិនិត្យបានឬទេ?

ច្បាប់អនុញ្ញាតឱ្យមនុស្សភាគច្រើនធ្វើការងារទាក់ទងនឹងកុមារ ក្នុងអំឡុងពេលដំណើរការពិនិត្យ ដែលកើតឡើងនៅពេលដាក់ពាក្យសុំសម្រាប់ Check។ ទោះជាយ៉ាងណាក៏ដោយ តាមច្បាប់លោកអ្នកមិនត្រូវធ្វើការឡើយ ប្រសិនបើលោកអ្នក៖

  • បានជាប់បទចោទប្រកាន់ ជាប់ទោស ឬជាប់ពិរុទ្ធពីបទល្មើសខាងផ្លូវភេទ អំពើហឹង្សា ឬគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរដូចមានចុះក្នុងមាត្រា២ នៃគម្រោង៣ នៃច្បាប់
  • បានទទួលលិខិតអវិជ្ជមាន (Negative Notice) ហើយពុំបានជាប់ការឆែកពិនិត្យនៅពេលក្រោយៗមក
  • នឹងត្រួតពិនិត្យកុមារម្នាក់ក្នុងការងារក្រោម ច្បាប់ការងារទាក់ទិននឹងកុមារ ឆ្នាំ 2003
  • នឹងធ្វើការក្នុងសេវាកំណត់ក្រោម ច្បាប់សេវាកម្មកុមារ ឆ្នាំ 1996 ឬក្នុងសេវាអប់រំ និងមើលថែនៅក្រោមច្បាប់សេវាអប់រំ និងមើលថែជាតិ ឆ្នាំ 2010 (វិចតូរីយ៉ា)
  • ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម៖
    • កាតព្វកិច្ចដើម្បីរាយការណ៍នៅក្រោម ច្បាប់អ្នកបំពានខាងផ្លូវភេទ ឆ្នាំ 2004
    • បទបញ្ជាការត្រួតពិនិត្យដែលពន្យារ ឬបទបញ្ជាការត្រួតពិនិត្យបណ្តោះ អាសន្នដែលពន្យារនៅក្រោម ច្បាប់ការឃ្លាំពិនិត្យអ្នកបំពានខាងផ្លូវភេទ ដ៏ធ្ងន់ធ្ងរ ឆ្នាំ 2005
    • បទបញ្ជាការត្រួតពិនិត្យ ឬបទបញ្ជាការឃុំខ្លួន។

សូមសួរអង្គការរបស់លោកអ្នក អំពីការធ្វើការក្នុងអំឡុងដំណើរការឆែកពិនិត្យដោយព្រោះថា មានអង្គការខ្លះអនុញ្ញាតអ្នកដាក់ពាក្យសុំឲ្យធ្វើការបន្ទាប់ពីគេបានជាប់ Check ប៉ុណ្ណោះ។

តើមានការឆែកពិនិត្យអ្វីខ្លះ?

លោកអ្នកត្រូវបានគេឆែកពិនិត្យដើម្បីរកមើលបទល្មើសធ្ងន់ធ្ងរខាងផ្លូវភេទ អំពើហឹង្សា និងគ្រឿងញៀន ហើយនិងរបាយការណ៍ចរិយាមាយាទផ្នែកវិជ្ជាជីវៈមិនអំណោយផល ដែលធ្វើឡើងដោយទីភ្នាក់ងារវិជ្ជាជីវៈចុះនៅក្នុងច្បាប់។ បញ្ជីបទល្មើសមានដាក់នៅតាមវ៉ិបសាររបស់យើង។

ការការពារកុមារពីការឈឺចាប់ខាងផ្លូវភេទ ឬផ្លូវកាយ គឺជាការពិចារណាដ៏ខ្ពស់បំផុតចំពោះ ការសម្រេចចិត្តណាមួយដែលបានធ្វើឡើងនៅក្រោមច្បាប់។

តើធ្វើដូចម្តេចឲ្យខ្ញុំបានដឹងថាខ្ញុំបានជាប់ WWC Check?

យើងនឹងជូនដំណឹងទៅលោកអ្នក និងអង្គការរបស់លោកអ្នក ប្រសិនបើលោកអ្នកជាប់ Check។

Check មានសុពលភាពចំនួន៥ឆ្នាំ លើកលែងតែយើងលុបចោលវា ឬលោកអ្នកប្រគល់វា ឱ្យវិញ។

លោកអ្នកត្រូវដាក់ពាក្យសុំបន្ត Check របស់លោកអ្នកឲ្យបានមុនវាផុតកំណត់ ប្រសិនបើលោកអ្នកមានបំណងចង់បន្តការងារទាក់ទិននឹងកុមារ។

Sample card image

ចុះប្រសិនបើខ្ញុំមានកំណត់ត្រាបទឧក្រិដ្ឋ ឬរបាយការណ៍ចរិយាមាយាទផ្នែកវិជ្ជាជីវៈមិនអំណោយផល?

មិនមែនគ្រប់សេចក្តីសម្រេចលើបទល្មើស និងចរិយាមាយាទផ្នែកវិជ្ជាជីវៈមិនល្អ មានន័យថា លោកអ្នកបង្កគ្រោះថ្នាក់ដែលមិនសមហេតុផលចំពោះសុវត្ថិភាពកុមារ ដោយអនុលោមតាមច្បាប់នោះឡើយ។

ថាតើលោកអ្នកជាប់ ឬធ្លាក់ Check គឺសំអាងលើប្រភេទនៃរបាយការណ៍ចរិយាមាយាទផ្នែកវិជ្ជាជីវៈមិនអំណោយផល បទល្មើសដែលលោកអ្នកបានប្រព្រឹត្ត ហើយនិងកាលៈទេសៈទាំងឡាយនៅជុំវិញរឿងទាំងនេះវិញទេ។

នេះគឺជាការល្មើសច្បាប់ដែលដាក់ពាក្យសុំ Check ប្រសិនបើលោកអ្នក៖

  • ជាអ្នកប្រព្រឹត្តបទល្មើសដែលអាចចុះឈ្មោះបាននៅក្រោមច្បាប់អ្នកបំពានខាងផ្លូវភេទ ឆ្នាំ 2004
  • ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម បទបញ្ជាការត្រួតពិនិត្យដែលពន្យារ ឬបទបញ្ជា ការត្រួតពិនិត្យបណ្តោះអាសន្នដែលពន្យារនៅក្រោម ច្បាប់ការឃ្លាំពិនិត្យអ្នកបំពានខាងផ្លូវភេទដ៏ធ្ងន់ធ្ងរ ឆ្នាំ 2005
  • ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម បទបញ្ជាការត្រួតពិនិត្យ ឬបទបញ្ជាការឃុំខ្លួន។

លោកអ្នកគួរស្វែងរកឱវាទផ្លូវច្បាប់ឯករាជ្យអំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់លោកអ្នក។

ចុះប្រសិនបើខ្ញុំមិនជាប់ WWC Check?

ប្រសិនបើយើងជឿជាក់ថា លោកអ្នកបង្ករគ្រោះថ្នាក់ដល់កុមារមិនសមហេតុផល យើងនឹងជូនដំណឹងដល់លោកអ្នកថា យើងមានបំណងហាមឃាត់លោកអ្នកពីការធ្វើការជាមួយកុមារ ដោយផ្តល់ជូនលោកអ្នកនូវលិខិតអវិជ្ជមានបណ្តោះអាសន្នមួយ។ ការនេះផ្តល់ឱ្យលោកអ្នកនូវឱកាសដើម្បីសរសេរមកយើង ហើយស្នើសុំឱ្យយើងពិចារណាពីហេតុផលដែលលោកអ្នកគិតថាលោកអ្នកគួរតែបានជាប់ Check។

ប្រសិនបើ បន្ទាប់ពីបានពិចារណាពីហេតុផលរបស់លោកអ្នក ហើយលោកអ្នកធ្លាក់ Check យើងនឹងចេញឱ្យលោកអ្នកនូវលិខិតអវិជ្ជមានមួយដែលហាមឃាត់លោកអ្នកមិនឱ្យធ្វើការជាមួយកុមារ។

លោកអ្នកអាចប្តឹងជំទាស់នឹងសេចក្តីសម្រេចចិត្តរបស់យើង ដោយដាក់ពាក្យសុំទៅ Victorian Civil and Administrative Tribunal(VCAT) ក្នុងរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃចុះនៅលើលិខិតអវិជ្ជមាននេះ។

តើរឿងឯកជនរបស់ខ្ញុំត្រូវបានការពារដោយបែបណាដែរ

យើងត្រូវបានចងភ្ជាប់ដោយច្បាប់សិទ្ធិឯកជន និងការរក្សាការសម្ងាត់។ ច្បាប់ Working with Children ឆ្នាំ 2005 ច្បាប់សិទ្ធិឯកជន និងទិន្នន័យការពារ ឆ្នាំ 2014 ហើយនិងច្បាប់កំណត់ត្រាសុខភាព ឆ្នាំ 2001 គ្រប់គ្រងពីរបៀបដែលក្រសួងប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន។

យើងត្រូវតែជូនដំណឹងដល់អង្គការរបស់លោកអ្នក អំពីការសម្រេចចិត្តបណ្តោះអាសន្ន ឬចុងក្រោយណាមួយអំពីពាក្យសុំរបស់លោកអ្នក ប្រសិនបើ Check របស់លោកអ្នកត្រូវបានគេព្យួរ ឬលុបចោល ឬប្រគល់ឱ្យវិញ ឬប្រសិនបើលោកអ្នកដកចេញពាក្យសុំរបស់លោកអ្នក។ ប្រសិនបើលោកអ្នកដកចេញអង្គការណាមួយពីកំណត់ត្រារបស់លោកអ្នក យើងមានអំណាចនឹងជូនដំណឹងដល់អង្គការទាំងនេះ ថាលោកអ្នកបានដកចេញអង្គការទាំងនេះ។ យើងនឹងមិនផ្តល់ជូនអង្គការរបស់លោកអ្នក នូវព័ត៌មានលំអិតអំពីកំណត់ត្រានៃបទឧក្រិដ្ឋ ឬចរិយាមាយាទផ្នែកវិជ្ជាជីវៈរបស់លោកអ្នកឡើយ។

តើ WWC Check ដូចគ្នានឹងការឆែកពិនិត្យពីប៉ូលិសឬ?

ទេ។ Working with Children Check ឆែកពិនិត្យកំណត់ត្រាចរិយាមាយាទផ្នែកបទឧក្រិដ្ឋ និងវិជ្ជាជីវៈរបស់លោកអ្នក ហើយវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះបទល្មើសទាក់ទងនឹងផ្លូវភេទ អំពើហឹង្សា ឬគ្រឿងញៀនណាមួយ ពេញទាំងគ្រាដើមនៃឆាកជីវិតរបស់លោកអ្នក។ Police Check គឺជាបញ្ជីរាយនាមនៃបទល្មើសកើតមានក្នុងគ្រាជាក់លាក់ណា មួយប៉ុណ្ណោះ។

Working with Children Check បន្តឆែកពិនិត្យកំណត់ត្រាចរិយាមាយាទផ្នែកបទឧក្រិដ្ឋ និងវិជ្ជាជីវៈរបស់អ្នកកាន់ប័ណ្ណពេញមួយជីវិតនៃប័ណ្ណរបស់គេ។ ដោយព្រោះថាការឆែកពិនិត្យទាំងនេះគឺខុសពីគ្នាយ៉ាងច្រើន មានអង្គការខ្លះតម្រូវឲ្យមានការឆែកពិនិត្យទាំងពីរនេះ។

ព័ត៌មានលំអិតបន្ថែមអំពីភាពខុសគ្នារវាងការឆែកពិនិត្យទាំងឡាយ មានដាក់នៅតាម វ៉ិបសាយ Working with Children ក្រោមចំណងជើង ‘Police Checks’។

ព័ត៌មានបន្ថែម

វ៉ិបសាយ
www.workingwithchildren.vic.gov.au (External link)

អ៊ីម៉េល
workingwithchildren@justice.vic.gov.au (External link)

ក្រុមផ្គត់ផ្គង់អតិថិជន
1300 652 879

8.30 ព្រឹក – 5 ល្ងាច ថ្ងៃច័ន្ទ – ថ្ងៃសុក្រ (លើកលែងតែថ្ងៃឈប់សម្រាកសាធារណៈ)

TTY
13 36 77

ក្រុមផ្គត់ផ្គង់អតិថិជន
1300 555 727

ប្រសិនបើលោកអ្នកត្រូវការអ្នកបកប្រែភាសា សូមទូរស័ព្ទទៅ Translating and Interpreting Service លេខ 13 14 50 ហើយស្នើសុំឱ្យគេទាក់ទងមកបណ្តាញគាំទ្រអតិថិជន Working with Children។

សណ្ឋានបោះពុម្ពអក្សរធំ
អ៊ីម៉េល workingwithchildren@justice.vic.gov.au (External link)

ព័ត៌មាននេះបានបម្រុងទុកជាការណែនាំប៉ុណ្ណោះ។ វាមិនបានបម្រុងទុកដើម្បីផ្តល់ឱវាទខាងផ្លូវច្បាប់ទេ ហើយមិនគួរសំអាងទៅលើព័ត៌មាននេះឡើយ។ នេះត្រូវបានណែនាំថា លោកអ្នកស្វែងរកឱវាទផ្លូវច្បាប់ពាក់ព័ន្ធនឹងកាលៈទេសៈជាក់លាក់របស់លោកអ្នក។